កាសែតកឹនធើ

ធ្លាប់ចង់បោះបង់ រហូតដល់ឈ្នះមេដាយលើសង្វៀន

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ធ្លាប់ចង់បោះបង់ការហ្វឹកហាត់ ដោយសារការឈឺចាប់ក្នុងអំឡុងពេលចាប់ផ្តើមហ្វឹកហាត់ក្បាច់គុន តែយុវតី ថាច់ធីថាញស្វឹង អាយុ ១៧ ឆ្នាំ ​នៅភូមិអូរត្រាវ ឃុំតឹបង៉ាយ ខេត្តវិញឡុង បានយកឈ្នះលើខ្លួនឯង ដើម្បីបន្តការហ្វឹកហាត់តៃក្វាន់ដូ។ នៅពេលឡើងសង្វៀនប្រកួតជាលើកដំបូង ដណ្តើមបានមេដាយប្រាក់និងមេដាយសំរឹទ្ធ កាន់តែធ្វើឱ្យប្អូនមានទំនុកចិត្តសម្រាប់ដំណើរទៅមុខ។

ឆ្នាំ ២០២១ នៅពេលមានអាយុទើបតែ ១២ ឆ្នាំ ថាញស្វឹង បានចាប់ផ្តើមហ្វឹកហាត់តៃក្វាន់ដូ ក្រោមការណែនាំរបស់គ្រូបង្វឹក ឡេហ្វាងហើង។ ដោយឃើញកូនស្រីមានសុខភាពមិនសូវរមាំមួន​ គ្រួ​សារបាននាំប្អូនមកហ្វឹកហាត់កីឡាក្បាច់គុណ​នេះ ដំបូងឡើយក្នុងគោលបំណងពង្រឹងកាយសម្បទា។ នៅថ្ងៃដំបូងៗ រាងកាយមិនទាន់ស៊ាំនឹងការហាត់ប្រាណក្នុងកម្រិតខ្ពស់ ធ្វើឱ្យប្អូនមានអារម្មណ៍ឈឺចាប់និងនឿយហត់ ពេលខ្លះប្អូនបាក់ទឹកចិត្ត និងចង់បោះបង់ហ្វឹកហាត់។

ថាច់ធីថាញស្វឹង ទទួលបានមេដាយប្រាក់ក្នុងការប្រកួតតេក្វាន់ដូតាមក្រុមអាយុ លើកទី១ របស់ខេត្តវិញឡុង ក្នុងកម្មវិធីអំណរបក្ស - អំណរនិទាឃរដូវ ប៊ិញង៉ ឆ្នាំ ២០២៦។
(រូបថត៖ តួអង្គផ្ដល់)

បងថាច់វាសនា ឪពុករបស់ថាញស្វឹង បានឱ្យដឹង ដំបូងឡើយ គ្រួសារគ្រាន់តែចង់ឱ្យកូនមានសុខភាពមាំមួនជាង​ប៉ុណ្ណោះ។ បន្ទាប់ពីហ្វឹកហាត់បានមួយរយៈ ឃើញសុខភាពកូនមានការរីកចម្រើន ហើយកូនក៏មានចំណង់ចំណូលចិត្តចំពោះកីឡានេះ ទើបប្តីប្រពន្ធបង ក៏បន្តលើកទឹកចិត្តនិងជួយជ្រោមជ្រែងកូនឱ្យបន្តដំណើរទៅមុខ។ បងវាសនា ចែករំលែក៖ "ឪពុកម្តាយធ្វើស្រែនិងចិញ្ចឹមសត្វ ដូច្នេះជីវភាពនៅមានការលំបាកច្រើន។ យើងខិតខំចិញ្ចឹមកូនឱ្យបានរៀនសូត្រដោយសង្ឃឹមថា នៅថ្ងៃអនាគតកូននឹងមានមុខរបរមួយលំនឹង និងមិនលំបាកដូចឪពុកម្តាយ។ បើកូនមានចំណង់ចំណូលចិត្ត យើងជាឪពុកម្តាយតែងតែគាំទ្រ"។

ស្ទើរតែរាល់ថ្ងៃ លើកលែងតែថ្ងៃអាទិត្យ បន្ទាប់ពីចប់ម៉ោងរៀន ថាញស្វឹង តែងទៅដល់ក្លឹបនៅម៉ោង ៥រសៀល ដល់ម៉ោង ៧ យប់​។ ស្វឹងហ្វឹកហាត់ក្បាច់ ស្ទាត់ជំនាញបច្ចេកទេស និងហាត់ប្រកួតជាមួយមិត្តរួមក្លឹប។ ការហាត់ប្រកួតក៏ជាផ្នែកមួយដែលធ្វើឱ្យថាញស្វឹង ជួបប្រទះបញ្ហាប្រឈមជាច្រើន ព្រោះការរងរបួសអាចកើតឡើងគ្រប់ពេល។ មានពេលខ្លះ ពេលកំពុងស្បើយពីរបួសនិងត្រៀមប្រឡងឆមាសក៏ដោយ ថាញស្វឹង នៅតែបន្តការហ្វឹកហាត់។​ បន្ទាប់ពីចប់ម៉ោងហ្វឹកហាត់ ថាញស្វឹង បន្ត​សុំឱ្យគ្រូបង្វឹក ជួយកែសម្រួលចលនាដែលមិនទាន់ត្រឹមត្រូវ។ ដូច្នេះ រាល់ការហ្វឹកហាត់មួយលើកៗ ក៏ជាការប្រកួតប្រជែងយកឈ្នះលើខ្លួនឯងដែរ។

ថាច់ធីថាញស្វឹង ហ្វឹកហាត់តេក្វាន់ដូនៅក្លឹប ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនានា។

ចំណុចផ្លាស់ប្តូរបានកើតឡើង នៅក្នុងការប្រកួតតៃក្វាន់ដូតាមក្រុមអាយុ លើកទី១ របស់ខេត្តវិញឡុង អំណរបក្ស - អំណរនិទាឃរដូវ ប៊ិញង៉ ឆ្នាំ ២០២៦។ នេះជាលើកដំបូងដែលថាញស្វឹង ឡើងសង្វៀនប្រកួត។ ក្នុងវិញ្ញាសាក្បាច់ស្តង់ដារឯកត្តជននារី អាយុក្រោម ១៧ ឆ្នាំ ដណ្តើមបានមេដាយសំរឹទ្ធ។ មួយថ្ងៃបន្ទាប់ ក្នុងវិញ្ញាសាប្រយុទ្ធឯកត្តជននារី អាយុក្រោម ១៧ ឆ្នាំ បន្តដណ្តើមបានមេដាយប្រាក់។ មុនពេលឡើងសង្វៀន ថាញស្វឹង បានរំលឹកខ្លួនឯងថា ត្រូវតែមានអារម្មណ៍នឹងនរ ផ្តោតអារម្មណ៍ និងមិនត្រូវបោះបង់ឡើយ។ ថាញស្វឹង ឱ្យដឹង៖ "ខ្ញុំតែងរំលឹកខ្លួនឯងថា ត្រូវរក្សាស្មារតីឱ្យនឹងនរ មានឆន្ទៈមោះមុត និងមិនត្រូវបោះបង់ឡើយ"។

មេដាយពីរគ្រឿងក្នុងការប្រកួតលើកដំបូង បានក្លាយជាកម្លាំងចិត្តឱ្យយុវតីសិស្សថ្នាក់ទី១១ បន្តដំណើរ​ជាមួយកីឡាតៃក្វាន់ដូ។ សមិទ្ធផលនេះ ក៏បានធ្វើឱ្យថាញស្វឹងយល់ថា រាល់ម៉ោងហ្វឹកហាត់ ការឈឺចាប់ និងសូម្បីតែពេលដែលចង់បោះបង់ ក៏មិនមែនជារឿងឥតប្រយោជន៍ឡើយ។ នៅថ្ងៃកូនស្រីប្រកួត លោកឪពុករបស់ស្វឹង បានមកចូលរួមលើកទឹកចិត្តកូនដោយផ្ទាល់។ ចំណែកម្តាយ ដោយសារស្រឡាញ់និងបារម្ភខ្លាចកូនប៉ះទង្គិចឬរងរបួស មិនហ៊ានមកមើលការប្រកួតដោយផ្ទាល់ទេ ហើយនៅផ្ទះរង់ចាំដំណឹង។ សម្រាប់ស្វឹង ការគាំទ្រពីឪពុកម្តាយ គឺជាបង្អែកផ្នែកខាងស្មារតីដ៏សំខាន់ដែលធ្វើឱ្យនាងមានភាពកក់ក្តៅក្នុងការហ្វឹកហាត់និងការប្រកួត។ តាមប្រសាសន៍គ្រូបង្វឹក ឡេហ្វាងហើង ថាញស្វឹង មានសមត្ថភាព ទេពកោសល្យ និងស្មារតីឆ្លាតវៃ រៀនបច្ចេកទេសបានលឿន មានគំនិតយុទ្ធសាស្ត្រល្អ និងមានស្មារតីតស៊ូខ្ពស់ក្នុងការប្រកួត។ ទាំងនេះជាចំណុចអំណោយផលសម្រាប់ថាញស្វឹង បន្តអភិវឌ្ឍសមត្ថភាពប្រសិនបើនៅតែរក្សាការហ្វឹកហាត់យ៉ាងម៉ត់ចត់។

ថាច់ធីថាញស្វឹង ហ្វឹកហាត់ប្រកួតជាមួយមិត្តរួមក្រុម ដើម្បីពង្រឹងបច្ចេកទេសនិងស្មារតីប្រកួត។

សម្រាប់ថាញស្វឹង តៃក្វាន់ដូមិនត្រឹមតែជួយពង្រឹងសុខភាពប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនភាពរឹងមាំ ភាពអត់ធ្មត់ វិន័យនិងឆន្ទៈតស៊ូ។ នៅរាល់ការហ្វឹកហាត់ នាងតែងកំណត់គោលដៅជាក់លាក់ ផ្តោតលើបច្ចេកទេសប្រតិកម្មរហ័សនិងយុទ្ធសាស្ត្រ។ ស្វឹងបានឱ្យដឹង ក្នុងការហ្វឹកហាត់ម្ដងៗ នាងតែងខិតខំអនុវត្តបច្ចេកទេស និងចលនាឱ្យបានត្រឹមត្រូវ ព្រមទាំងកំណត់គោលដៅជាក់លាក់សម្រាប់ខ្លួនឯង។ ចំពោះលំហាត់ដែលគ្រូបង្វឹកដាក់ឱ្យ នាងចំណាយពេលសិក្សា និងហ្វឹកហាត់យ៉ាងច្រើន ដោយផ្តោតលើជំនាញផ្ទាល់ខ្លួន ប្រតិកម្មនិងយុទ្ធសាស្ត្រ។ កំពុងសិក្សាថ្នាក់ទី១១ ថាញស្វឹង កំណត់ថា ការសិក្សានៅតែជាភារកិច្ចសំខាន់ ខណៈពេលដែលនាងបន្តរក្សាចំណង់ចំណូលចិត្តចំពោះកីឡាតៃក្វាន់ដូ។ ពីក្មេងស្រីម្នាក់ដែលធ្លាប់ចង់បោះបង់ ដោយសារការឈឺចាប់នៅពេលទើបចាប់ផ្តើមហ្វឹកហាត់ មកដល់ពេលនេះ បានក្លាហានឡើងសង្វៀន និងដណ្តើមបានមេដាយជាលើកដំបូង។ ថាញស្វឹង បាននិយាយដោយក្តីជឿជាក់៖ "ខ្ញុំគិតថា ប្រសិនបើយើងហ៊ានប្រាថ្នា និងខិតខំប្រឹងប្រែងដើម្បីសម្រេចក្តីប្រាថ្នា​ នោះភាពជោគ ជ័យនឹងមកដល់"។

ចំពោះថាច់ធីថាញស្វឹង មេដាយចំនួនពីរដំបូងមិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែជាកម្លាំងចិត្តជំរុញឱ្យនាងបន្តការហ្វឹកហាត់ ការសិក្សានិងឆ្ពោះទៅសម្រេចទិសដៅថ្មីបន្តទៀត។ ចាប់ពីឈានជើងចូលហ្វឹកហាត់ដំបូងមក ក្មេងស្រី​អាយុ ១៧ ឆ្នាំម្នាក់នេះ កំពុងតែរីកចម្រើនជារៀងរាល់ថ្ងៃ ដោយសារការខិតខំប្រឹងប្រែងនិងឆន្ទៈមិនបោះបង់៕

ពេជ្រ សឿន

កីឡា

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.