ធ្លាប់ជាសិស្សខ្មែរ ដែលមានស្ថានភាពក្រលំបាក លោកគ្រូ យ័ញកឿង គ្រូបង្រៀនវិទ្យាល័យជនជាតិអន្តេវាសិកខេត្តហូវយ៉ាង ទីក្រុងកឹងធើ ដោយយល់ច្បាស់អំពីការលំបាកទាំងឡាយរបស់សិស្សានុសិស្សដែលរស់នៅឆ្ងាយពីគ្រួសារ។ ជាង ២០ ឆ្នាំឈរថ្នាក់បង្រៀន លោកគ្រូមិនត្រឹមតែផ្ទេរនូវចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងរួមដំណើរ និងចែករំលែក ជួយសិស្សានុសិស្សជាច្រើនពុះពារការលំបាក មានទំនុកចិត្តក្នុងការសិក្សារៀនសូត្រ និងបណ្តុះក្តីស្រមៃរបស់ខ្លួន។
កើតក្នុងគ្រួសារខ្មែរមួយនៅឃុំសាភៀង ផ្លូវទៅកាន់សាលារបស់លោកគ្រូ កឿង ជួបការលំបាកជាច្រើន។ ហេតុដូច្នេះ នៅពេលបានចូលរៀននៅសាលាអន្តេវាសិក លោកគ្រូបានខិតខំរៀនសូត្រ និងតែងតែសម្រេចបានកិត្តិនាមជាសិស្សពូកែរបស់សាលា។ តាំងពីនោះ លោកគ្រូតែងចិញ្ចឹមក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀនមុខវិជ្ជាភូមិវិទ្យា។ លោកគ្រូ កឿង បានឱ្យដឹង៖ "កាលណោះ ខ្ញុំស្រឡាញ់ចូលចិត្តមុខវិជ្ជាភូមិវិទ្យាណាស់ និងចិញ្ចឹមក្តីស្រមៃចង់ធ្វើជាគ្រូបង្រៀន។ ដោយសារបានអ្នកគ្រូផ្ទេរឱ្យខ្ញុំនូវក្តីស្រឡាញ់ចំពោះមុខវិជ្ជា ណែនាំរបៀបរៀន និងផ្ដល់ជំនឿចិត្តឱ្យខ្ញុំថា ទោះបីជាមានស្ថានភាពលំបាកយ៉ាងណាក៏ដោយ ឱ្យតែរៀនបានល្អ គឺអាចអនុវត្តសម្រេចបានក្តីស្រមៃហើយ"។ ផ្តើមពីនោះ លោកគ្រូបានខិតខំរៀនសូត្រ និងប្រឡងជាប់ចូលមហាវិទ្យាល័យគរុកោសល្យ។ គ្រួសារក្រហើយនៅមានប្អូន ២ នាក់កំពុងរៀននៅឯស្រុកកំណើត ទើបលោកគ្រូ កឿង រៀនបណ្តើធ្វើការបន្ថែមបណ្តើដើម្បីរ៉ាប់រងក្នុងការប្រជុំជីវភាព។ ក្នុងរយៈពេលរៀននៅមហាវិទ្យាល័យដ៏លំបាក កាន់តែជួយឱ្យលោកគ្រូមានបន្ថែមឆន្ទៈ ស្មារតីពុះពារការលំបាក និងប្តេជ្ញាចិត្តរៀនសូត្រឱ្យបានល្អ។ ឆ្នាំ ២០០៦ លោកគ្រូ កឿង បានបញ្ចប់ការសិក្សាមហាវិទ្យាល័យគរុកោសល្យ ឯកទេសផ្នែកភូមិវិទ្យា កម្រិតនិទ្ទេសល្អ និងបានមកបង្រៀននៅសាលានេះរហូតមកទល់សព្វថ្ងៃ។

លោកគ្រូ យ័ញគឿង។
អស់រយៈកាលជាង ២០ ឆ្នាំផ្សារភ្ជាប់ជាមួយថ្នាក់បង្រៀន លោកគ្រូ តែងតែចាត់ទុកថាការយល់ច្បាស់ពីសិស្សានុសិស្សគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្រៀន។ តាមលោកគ្រូ សិស្សជាច្រើននៅសាលាអន្តេវាសិក លើកដំបូងដែលត្រូវរស់នៅឆ្ងាយពីគ្រួសារ ត្រូវបត់បែនទៅតាមបរិស្ថានរស់នៅថ្មី; សិស្សខ្លះតូចចិត្តនឹងស្ថានភាពគ្រួសារ ជួបលំបាកក្នុងការទំនាក់ទំនង ឬការសិក្សា។ ដូច្នេះហើយ លោកគ្រូតែងតែចំណាយពេលវេលាស្តាប់ ដើម្បីយល់ពីចិត្តគំនិតរបស់ប្អូនម្នាក់ៗ។ លោកគ្រូ កឿង ចែករំលែក៖ "ខ្ញុំធ្លាប់ជាសិស្សអន្តេវាសិក ដូច្នេះហើយខ្ញុំយល់ច្បាស់ពីអារម្មណ៍រស់នៅឆ្ងាយពីគ្រួសារ និងនឹកឪពុកម្តាយ មានពេលខ្លះមានអារម្មណ៍ថាខ្លួនរសាត់អណ្តែត។ ហេតុនោះ ខ្ញុំតែងតែរំលឹកខ្លួនឯងថាត្រូវតែជិតស្និទ្ធ ចែករំលែកជាមួយប្អូនៗដូចជាសមាជិកក្នុងគ្រួសារ"។ ក្រៅពីពាក្យពេចន៍លើកទឹកចិត្ត ការស្តាប់ ក្នុងការបង្រៀនលោកគ្រូតែងតែស្វែងរកវិធីសាស្ត្របង្រៀនសមស្រប ដើម្បីជួយឱ្យសិស្សានុសិស្សងាយយល់ ងាយចងចាំ។ តាំងពីរូបភាព ផែនទី និងរឿងរ៉ាវជាក់ស្តែងបានយកមកប្រើប្រាស់ ដើម្បីជួយឱ្យសិស្សងាយយល់ ចងចាំ និងម្ចាស់ការស្រាវជ្រាវចំណេះដឹង។ ចំពោះសិស្សដែលនៅខ្សោយ លោកគ្រូណែនាំបន្តិចម្តងៗ និងអត់ធ្មត់លើកទឹកចិត្ត។ ចំពោះសិស្សបង្គួរ ពូកែ លោកគ្រូដាក់ចេញនូវសំណួរចំហ តម្រូវឱ្យវិភាគ ប្រៀបធៀប និងអនុវត្តចំណេះដឹង។ ក្នុងម៉ោងសិក្សា លោកគ្រូជំរុញទឹកចិត្តឱ្យសិស្សបង្ហាញពីគំនិត ដាក់សំណួរ និងដេញដោលមតិ។ ចម្លើយណាដែលមិនទាន់ត្រឹមត្រូវ លោកគ្រូបានឱ្យឱកាសដើម្បីឱ្យប្អូនៗរួមគ្នាវិភាគ ស្វែងរកបញ្ហា។ តាមលោកគ្រូ នៅពេលដែលសិស្សមិនខ្លាចខុស ប្អូនៗនឹងក្លាហានចូលរួមក្នុងម៉ោងសិក្សា។ សិស្សជាច្រើន ផ្តើមពីចំណុចដែលមិនទាន់ស្រឡាញ់ចូលចិត្តមុខវិជ្ជា បានម្ចាស់ការស្វែងយល់ សកម្មរៀនសូត្រ និងជ្រើសរើសមុខវិជ្ជាភូមិវិទ្យាដើម្បីត្រៀមក្នុងការប្រឡង។ ប្អូន យ័ញឌេវី សិស្សរបស់សាលា បានចែករំលែក៖ "កាលពីមុន ប្អូនគិតថាវិញ្ញសាភូមិវិទ្យាជាមុខវិជ្ជាដែលត្រូវទន្ទេញចាំមាត់ច្រើន ទើបមិនចូលចិត្ត។ ប៉ុន្តែតាមរយៈវិធីបង្រៀនរបស់លោកគ្រូ កឿង ប្អូនឃើញថា មុខវិជ្ជានេះងាយយល់ជាង ទើបជ្រើសដើម្បីប្រឡងបញ្ចប់ការសិក្សាវិទ្យាល័យឆ្នាំនេះ។ លោកគ្រូតែងតែបង្ហាញរូបភាព ផែនទី និងបញ្ហាជាក់ស្តែងនានាចូលទៅក្នុងមេរៀន ទើបពួកប្អូនងាយចងចាំ។ មិនត្រឹមតែបង្រៀនពូកែប៉ុណ្ណោះទេ លោកគ្រូនៅទាំងរំលឹកពួកប្អូនឱ្យខិតខំរៀនសូត្រឱ្យបានល្អ ព្រោះមានតែការរៀន មានមុខរបរ ទើបអាចចាកផុតពីភាពក្រីក្របាន"។
វាយតម្លៃអំពីសហការី អ្នកគ្រូ ត្រិញធីទ្វៀកលិញ ចាងហ្វាងរងសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តហូវយ៉ាង ទីក្រុងកឹងធើ បានឱ្យដឹង៖ "លោកគ្រូ យ័ញគឿង គឺជាគ្រូបង្រៀនដែលមានជំនាញល្អ មានឆន្ទៈមោះមុត និងទទួលខុសត្រូវខ្ពស់។ ក្នុងជំនាញ លោកគ្រូតែងតែម្ចាស់ការផ្លាស់ប្តូរថ្មីវិធីសាស្ត្របង្រៀន ឱ្យសមស្របនឹងសមត្ថភាពរបស់សិស្ស និងជួយឱ្យសិស្សងាយយល់ ងាយចងចាំ ទើបម៉ោងសិក្សាសម្រេចបានគុណភាព។ អ្វីដែលគួរឱ្យគោរព គឺលោកគ្រូរស់នៅជិតស្និទ្ធ យល់ចិត្តសិស្ស អត់ធ្មត់ជួយដល់សិស្សខ្សោយ និងចេះវិធីដាស់ចំណូលចិត្តរបស់ប្អូនៗ ចំពោះមុខវិជ្ជាភូមិវិទ្យា។ អាស្រ័យហេតុនោះ ជារៀងរាល់ឆ្នាំ អត្រាសិស្សសម្រេចបានលទ្ធផលល្អ ក្នុងមុខវិជ្ជាភូមិវិទ្យារបស់សាលា តែងតែស្ថិតនៅកម្រិតខ្ពស់ជានិច្ច"។
ដោយការអស់ពីចិត្ត ជំនាញ ភាពច្នៃប្រតិដ្ឋ និងពិសេសបំផុតគឺការយល់ចិត្ត ហេតុនេះក្នុងរយៈពេលជាង ២០ ឆ្នាំឈរថ្នាក់បង្រៀន លោកគ្រូ យ័ញកឿង បានប្តូរមេរៀនភូមិវិទ្យាឱ្យក្លាយជាដំណើរការស្វែងយល់ បណ្តុះនៅក្នុងចិត្តសិស្សានុសិស្សនូវចំណូលចិត្តចង់ស្វែងយល់ពីស្រុកកំណើត ប្រទេសជាតិ។ ចំពោះលោកគ្រូ រង្វាន់ធំបំផុតមិនមែនជាស្នាដៃដែលបានទទួលស្គាល់នោះទេ ប៉ុន្តែគឺបានឃើញសិស្សានុសិស្សធំដឹងក្តី មានមុខរបរ មានទំនុកចិត្តឈានជើងចូលទៅផ្លូវមហាវិទ្យាល័យ និងត្រឡប់មកជួយស្រុកកំណើតវិញ៕
យ្វីអាញ - មេងលី


Ý kiến bạn đọc