កាសែតកឹនធើ

ឈានឡើងចាកផុតពីភាពក្រីក្រពីបាតដៃទទេ

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ជាគ្រួសារក្រ គ្មានទាំងដីសង់លំនៅឋាននិងដីផលិត ជីវភាពរបស់ប្តីប្រពន្ធបងស្រី ឡឹមធីហៀង នៅភូមិភឿកហ្វា ឃុំធ្វឹងហ្វា ទីក្រុងកឹងធើ ភាគច្រើនពឹងផ្អែកលើការធ្វើការឈ្នួល។ អាស្រ័យការឧបត្ថម្ភពីសមាគមសហព័ន្ធនារីឃុំធ្វឹងហ្វា រួមនឹងឆន្ទៈនិងភាពឧស្សាហ៍ព្យាយាមក្នុងផលិត បងស្រីហៀង បានប្រឹងប្រែងឆ្លងកាត់ការលំបាកជាបន្តបន្ទាប់ ឈានឡើងចាកផុតពីភាពក្រីក្រ និងមានជីវភាពលំនឹងជាង។

បងស្រី ឡឹមធីហៀង កំពុងប្រមូលផលម្ទេស។

ក្រោយពេលរៀបការចេញនៅដោយឡែក ប្តីប្រពន្ធបងស្រីហៀង បានញាតិជិតខាងឱ្យខ្ចីដីដើម្បីសង់ផ្ទះនៅបណ្តោះអាសន្ន។ គ្មានដីផលិត ជារៀងរាល់ថ្ងៃប្តីប្រពន្ធគាត់ត្រូវចេញទៅធ្វើការឈ្នួលដើម្បីដោះស្រាយជីវភាព។ នៅឆ្នាំ ២០១០ ពេលចូលរួមសមាគមសហព័ន្ធនារីឃុំធ្វឹងហ្វា បងស្រីហៀង ទទួលបានការឧបត្ថម្ភបុលទុនដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងបានទទួលការណែនាំអំពីរបៀបរកស៊ី ការសន្សំសំចៃ និងការប្រើប្រាស់ទុនឱ្យមានប្រសិទ្ធភាព។ បងស្រីហៀង បានចែករំលែក៖ “ពេលឡើងមកប្រជុំនៅឃុំលើកដំបូង ខ្ញុំទទួលបានព័ត៌មានថា រដ្ឋឱ្យបុលទុនអាទិភាព និងឧបត្ថម្ភគោពូជសម្រាប់ចិញ្ចឹម ដូច្នេះខ្ញុំសប្បាយចិត្តជាខ្លាំង។ ពិសេសគឺបានបងប្អូននារីក្នុងសមាគមជួយឧបត្ថម្ភទុនបង្វិលជុំ និងណែនាំពីវិធីរកស៊ី ទើបខ្ញុំចេះសន្សំសំចៃ និងចាត់ចែងការចំណាយក្នុងគ្រួសារ”។

មានទុនក្នុងដៃ បងស្រីហៀង បានសម្រេចចិត្តយ៉ាងមុតមាំជួលដី ១ កុង ដើម្បីដាំដំណាំរួមផ្សំ។ ឃើញប្តីប្រពន្ធបងស្រីខិតខំប្រឹងប្រែងរកស៊ី មានបងប្អូនសាច់ញាតិម្នាក់បានបន្តឱ្យជួលដីស្រែ ៥ កុង ដើម្បីផលិតស្រូវក្នុងតម្លៃ ៥០០.០០០ ដុង/កុង/ឆ្នាំ។ ចាប់តាំងពីពេលនោះមក បងស្រីដាំដំណាំរួមផ្សំផងនិងចិញ្ចឹមគោ មាន់ ទា; ចំណែកប្តីក្រៅពីធ្វើស្រែ នៅឆ្លៀតពេលធ្វើការឈ្នួលបាញ់ថ្នាំ បាច់ជី ជម្រះស្មៅ និងលីស្រូវ ដើម្បីរកចំណូលបន្ថែម។ ពីប្រភពចំណូលតិចតួច ប្តីប្រពន្ធបងស្រីបានសន្សំសំចៃបន្តិចម្តងៗ។ ក្រោយរយៈពេលជាច្រើនឆ្នាំ គ្រួសារបងស្រីបានទិញដី ២ កុង សម្រាប់សង់ផ្ទះ សង់រោងគោ និងដាំដំណាំរួមផ្សំ។ ជាមួយគ្នានោះ នៅលើផ្ទៃដីដាំដំណាំរួមផ្សំ បងស្រីហៀង បានដាំប្តូរវេននូវដំណាំជាច្រើនប្រភេទដូចជា៖ ស្ពៃក្តោប ម្ទេស ខ្ទឹមស្លឹក ស្ពៃផ្កា... ដើម្បីបង្កប្រភពចំណូលជុំឆ្នាំ។

មិនត្រឹមតែអភិវឌ្ឍការដាំដុះប៉ុណ្ណោះទេ ហ្វូងគោដែលបានការឧបត្ថម្ភដំបូងក៏បានក្លាយជាប្រ​ភពទុនដ៏សំខាន់ជួយឱ្យគ្រួសារបងស្រីពង្រីកផលិតផងដែរ។ ពីគោពូជតែមួយក្បាល មកទល់​ពេលនេះហ្វូងគោបានកើនឡើងដល់ ៨ ក្បាល ហើយក្នុងរយៈពេលប្រហែល ២ ឆ្នាំម្តង គាត់លក់គោ ៣ ក្បាលដើម្បីយកប្រាក់មកវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងបន្តទិញកូនគោមកចិញ្ចឹម។ បងស្រីហៀង មានក្ដីសោមនស្សរីករាយរៀបរាប់៖ “បច្ចុប្បន្ន ខ្ញុំកំពុងប្រមូលផលម្ទេស ១ កុង ដែលកំពុងផ្តល់ផល ដោយលក់ក្នុងតម្លៃពី ៤៥.០០០ ដុង/គីឡូក្រាម ទទួលបានប្រាក់ចំណេញគួរសម។ អាស្រ័យការដាំដុះ ធ្វើស្រែ ចិញ្ចឹមសត្វ និងកូនស្រីច្បងធ្វើការនៅក្រុមហ៊ុនកាត់ដេរក្នុងមណ្ឌលឧស្សាហកម្មអាងងីប ដែលមានចំណូលលំនឹង ដូច្នេះជីវភាពគ្រួសារខ្ញុំបានធូរធារឡើង។ ច្រើនឆ្នាំមកនេះ ក្រៅពីប្រាក់លក់គោ ការដាំដុះ និងធ្វើស្រូវ ខ្ញុំសន្សំបានប្រាក់មួយចំនួន និងសាងសង់បានផ្ទះឥដ្ឋសមរម្យ ធ្វើឱ្យជីវភាពកាន់តែប្រសើរឡើង”។

ផ្តើមពីគ្រួសារក្រីក្រគ្មានដីសង់លំនៅឋាននិងដីផលិត អាស្រ័យភាពឧស្សាហ៍ព្យាយាម និងចេះប្រើប្រាស់ប្រភពធនធានឧបត្ថម្ភបានត្រឹមត្រូវ បងស្រីហៀង បានឈានឡើងកសាងជីវភាពរស់នៅបានលំនឹង។ លទ្ធផលនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រភពទុនគោលនយោបាយពិតជាមានប្រសិទ្ធភាពជាក់ស្តែង នៅពេលដែលប្រជាជនមានឆន្ទៈឈានឡើង និងចេះប្រើប្រាស់ចំគោលដៅ។ បងស្រី ដាំងធីយីមភឿង ប្រធានសមាគមសហព័ន្ធនារីឃុំធ្វឹងហ្វា បានបញ្ជាក់៖ “បងស្រី ឡឹមធីហៀង ជាមនុស្សស្លូតបូត ឧស្សាហ៍ព្យាយាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដូច្នេះបានអ្នកផងស្រឡាញ់រាប់អាន។ ពិសេសគឺពីប្រភពទុនបុល គាត់បានយកមកប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ ពីគ្រួសារក្រីក្រគ្មានដីសាងសង់លំនៅឋាននិងដីផលិត ឥឡូវនេះគាត់បានរួចផុតពីភាពក្រីក្រ រកបានចំណូលស្ថិរភាព សាងសង់បានផ្ទះឥដ្ឋសមរម្យ និងទិញបានដីផលិតផ្ទាល់ខ្លួន។ គំរូនារីខិតខំឈានឡើងក្នុងជីវភាពដូចជាបងស្រីហៀង គឺពិតជាគួរឱ្យសរសើរខ្លាំងណាស់”។

ផ្ដើមចេញពីបាតដៃទទេ បងស្រីហៀង បានឈានឡើងកសាងមុខរបរចិញ្ចឹមជីវិតដោយកម្លាំងពលកម្ម និងស្មារតីតស៊ូអត់ធ្មត់របស់ខ្លួន។ ដីធ្លី ហ្វូងគោ និងផ្ទះឥដ្ឋដ៏រឹងមាំដូចសព្វថ្ងៃនេះ មិនត្រឹមតែជាសមិទ្ធផលនៃភាពអត់ធ្មត់ព្យាយាមប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងដ៏ច្បាស់ក្រឡែតបញ្ជាក់ពីប្រសិទ្ធភាពនៃគោលនយោបាយឧបត្ថម្ភទាន់ពេលដើម្បីអ្នកក្រមានឱកាស​ឈានឡើងក្នុងជីវភាពទៀតផង៕

យ្វីអាញ - ថាច់ធី

 

គំរូក្នុងសហគមន៍

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.