កាសែតកឹនធើ

ចងសម្ព័ន្ធការផលិតនាំមករដូវប្រមូលផលម្ទេសកាក់កប

ទំហំអក្សរ 18 ភីកសែល
Chưa có bản âm thanh
ទំហំអក្សរ 18 ភីកសែល

ប៉ុន្មានថ្ងៃនេះ កសិករខ្មែរនៅសង្កាត់ហ៊ីបថាញ់ ខេត្តកាម៉ាវ ញញឹមស្រស់ ពីព្រោះម្ទេសបានផលកាក់កប លក់បានថ្លៃ និងចំណេញបានខ្ពស់។ ពិសេស តាមរយៈទម្រង់ចងសម្ព័ន្ធផលិត កសិករទទួលបានជំនួយបច្ចេកទេស សម្ភារៈនាំចូល និងម៉ៅទិញផលិតផល លំនឹងច្រកចេញ។

ឆ្នាំនេះគឺរដូវដំបូងដែលប្រជាជនសង្កាត់ហ៊ីបថាញ់ ចូលរួមទម្រង់ចងសម្ព័ន្ធផលិតជាមួយ សហ ករណ៍ឡុកទីម។ ចូលរួមទម្រង់ កសិករបានជំនួយចាប់ពីគ្រាប់ពូជ ជី ថ្នាំការពាររុក្ខជាតិ រហូតដល់ការណែនាំពីរបៀបថែទាំ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសសមស្របទៅនឹងលក្ខណៈដាំដុះ។ ផលិតផលទាំងអស់បានសហករណ៍សន្យាប្រមូលទិញតាមតម្លៃទីផ្សារ ជួយកសិករស្ងប់ចិត្តផលិត។ បើតាមកសិករដាំម្ទេសដើមរដូវ សហករណ៍ទិញចូលក្នុងតម្លៃប្រមាណ ៧០.០០០ ដុង/គីឡូក្រាម នៅពេលចូលដល់រដូវប្រមូលផលស្រុះ តម្លៃនៅតែរក្សាបានលំនឹងក្នុងកម្រិត ៥៥.០០០ ដុង/គីឡូក្រាម។ ជាមួយទិន្នផលប៉ាន់ស្មានសម្រេចជាង ១,៥ តោន/កុង ក្រោយពីទូទាត់រួចស្រេច កសិករអាចនឹងចំណេញបានជាង ៥០ លានដុង/កុង - កម្រិតប្រាក់ចំណូលខ្ពស់បើធៀបនឹងដំណាំរួមផ្សំផ្សេងៗទៀត។

កសិករដាំម្ទេសចំណេញបានខ្ពស់។

មាន​ដី​ ៣ កុង​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ ពូ​លី​ហ្វាយ​ នៅ​អនុ​សង្កាត់​យង់​យឿ សង្កាត់​ហ៊ីប​ថា​ញ់ បាន​ចូល​រួម​ទម្រង់​ចង​សម្ព័ន្ធ ម្ល៉ោះហើយ​សហ​ករណ៍​ជំនួយ​ពូជ​ម្ទេស​ដៃ​នាង។ អា​ស្រ័យ​បាន​ការ​ណែ​នាំ​បច្ចេក​ទេស​ថែ​ទាំ​ហ្មត់​ចត់ ម្ទេស​លូត​លាស់​ល្អ មិន​សូវ​មាន​ជំងឺ​សត្វ​ល្អិត ផ្តល់​ផ្លែ​ស្មើ និង​ប្រ​មូល​ផល​ជាប់​ៗគ្នា​ក្នុង​រយៈ​ពេល​ជាង ១ ខែ។ ពូ​លី​ហ្វាយ ឱ្យ​ដឹង៖ “អា​កាស​ធាតុ​ឆ្នាំ​នេះ​អំ​ណោយ​ផល ម្ល៉ោះ​ហើយ​ម្ទេស​លូត​លាស់​ល្អ ផ្តល់​ផ្លែ​ស្មើ។ មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​រីក​រាយ​ដែរ មាន​អ្នក​ខ្លះ​គិត​នឹង​បើក​ទូ​លាយ​ផ្ទៃ​ដី​ដាំ​ក្នុង​រដូវ​ខាង​មុខ​ទៀត។ ម្ទេស​ប្រ​មូល​ផល​អាច​នឹង​អូស​បន្លាយ​រហូត​ដល់ ២ ខែ ហើយ​ចន្លោះ​២ថ្ងៃ​ប្រ​មូល​ផល​ម្ដង ដូច្នេះ​ជា​មួយ​នឹង​តម្លៃ​នេះ ខ្ញុំ​ក៏​ចំ​ណេញ​បាន​ខ្ពស់​ដែរ”។

ក្តី​រីក​រាយ​របស់​កសិ​ករ​មិន​ត្រឹម​តែ​រដូវ​ប្រ​មូល​ផល​កាក់​កប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មក​ពី​ការ​ផ្លាស់​ប្តូរ​ក្នុង​វិធី​សាស្ត្រ​ផលិត​ផង​ដែរ។ ផ្តើម​ពី​ការ​ផលិត​ខ្នាត​តូច ស្វែង​រក​ច្រក​ចេញ​ដោយ​ខ្លួន​ឯង ឥ​ឡូវ​នេះ​កសិ​ករ​បាន​ចូល​រួម​ខ្សែ​សង្វាក់​ស្វយ័ត មាន​ការ​រួម​ដំ​ណើរ​ពី​សហ​ករណ៍​ក្នុង​ដំ​ណាក់​កាល​ផលិត​។ អ្នក​មីង ត្រឹង​ធី​ផាត់ នៅ​អនុ​សង្កាត់​យង់​យឿ ឱ្យ​ដឹង​៖ “កាល​ពី​មុន ដី​ជាង​មួយ​ចំ​ហៀង​កុង ខ្ញុំ​ដាំ​ដំ​ណាំ​រួម​ផ្សំ​គ្រប់​ប្រ​ភេទ​ដូច៖ ស្ពៃ​ឆួល ស្ពៃ​ខៀវ​។ល។ ដល់​ថ្ងៃ​ប្រ​មូល​ផល​យក​ទៅ​លក់​ឯ​ផ្សារ​ដោយ​ខ្លួន​ឯង មិន​អាច​ជៀស​ផុត​ពី​ស្ថាន​ភាព​តម្លៃ​ឡើង​ចុះ​ទេ។ នៅ​ពេល​ចូល​រួម​ចង​សម្ព័ន្ធ​ជា​មួ​យស​ហ​ករណ៍​ឡុក​ទី​ម ខ្ញុំ​ទទួល​បាន​ឧបត្ថម្ភ​ជី ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ និង​ណែ​នាំ​បច្ចេក​ទេស​ ជួយ​ដល់​ការ​ថែ​ទាំ​ងាយ​ស្រួល​ជាង។ ឆ្នាំ​នេះ ម្ទេស​មាន​ផ្លែ​ស្មើ ល្អ លក់​បាន​តម្លៃ ៥៥.​០០០ ដុង​/គី​ឡូ​ក្រាម ម្ល៉ោះ​ហើយ​សប្បាយ​ចិត្ត​ណាស់!។ មាន​សហ​ករណ៍​ម៉ៅ​ទិញ យើង​ខ្ញុំ​កាន់​តែ​ស្ងប់​ចិត្ត​ផលិត”។​

ក្តីរីករាយរបស់កសិករពេលម្ទេសលក់បានថ្លៃ។

បើតាមបង ស៊ើង-ថ តំណាងសហករណ៍ឡុកទីម  បច្ចុប្បន្នអង្គភាពបានចុះកិច្ចសន្យា​ចង​សម្ព័ន្ធផលិតជាមួយប្រជាជន ១៣គ្រួសារ លើផ្ទៃដីប្រមាណ ២ហិកតា។ សហករណ៍រួមដំណើរជាមួយប្រជាជនចាប់ពីដំណាក់កាលទិញចូលរហូតដល់ច្រកចេញ ណែនាំអនុវត្តបច្ចេកទេស​ជឿន​លឿន ដើម្បីបង្កើនទិន្នផល និងគុណភាពផលិតផល ព្រមទាំងសន្យាម៉ៅទិញម្ទេសក្នុងតម្លៃចាប់ពី ៥០.០០០ ​- ៧០.០០០ ដុង/គីឡូក្រាមរហូតដល់ចុងរដូវ។ បងស៊ើង-ថ ឱ្យដឹង៖ “រយៈពេលខាងមុខ យើងខ្ញុំនឹងបន្តបើកទូលាយទ្រង់ទ្រាយចងសម្ព័ន្ធ ដើម្បីបង្កើតតំបន់វត្ថុធាតុដើមប្រមូលផ្តុំ បង្កបង្កើនផលិតផលមានគុណភាពបម្រើទីផ្សារ។ ការចងសម្ព័ន្ធផលិតនឹងជួយមាមីងស្ងប់ចិត្តផលិត បង្កើនប្រាក់ចំណូល លំនឹងជីវភាព”។

ភាពជោគជ័យនៃរដូវម្ទេសឆ្នាំនេះ មិនត្រឹមតែនាំមកប្រាក់ចំណូលគួរកត់សម្គាល់ដល់ប្រជាជនសង្កាត់ហ៊ីបថាញ់ ប៉ុណ្ណោះទេថែមទាំងបើកទិសដៅថ្មីក្នុងការចាត់តាំងចងសម្ព័ន្ធផលិតទៀត​ផង។ នៅពេលវិទ្យាសាស្ត្រ និងបច្ចេកទេសចូលទៅដល់វាលស្រែ សហករណ៍ក្លាយជាស្ពានតភ្ជាប់រវាងការផលិត និងទីផ្សារ នេះគឺមូលដ្ឋានគ្រឹះដើម្បីកសិករសង្កាត់ហ៊ីបថាញ់ បន្តផ្សព្វផ្សាយទូ​លាយ​ទម្រង់ចងសម្ព័ន្ធសម្រាប់ដំណាំរួមផ្សំផ្សេងៗទៀត ជាជំហានពង្រីកឧត្តមភាពនៃតំបន់ដាំដំណាំរួមផ្សំធំបំផុតក្នុងខេត្តកាម៉ាវ ឆ្ពោះទៅរកវិស័យកសិកម្មដោយចីរភាព៕

យ្វីអាញ - លីសៀ

ភូមិស្រុកផ្លាស់ថ្មី

Ý kiến bạn đọc

Gửi ý kiến của bạn

0 / 1.000 ký tự

Chức năng gửi ý kiến hiện chưa khả dụng.

Ý kiến được Ban Biên tập duyệt trước khi đăng. Số điện thoại và email chỉ dùng để liên hệ khi cần, không hiển thị công khai. Các trường có dấu * là bắt buộc.