ដោយពង្រីកស្មារតីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក សមាគមសហព័ន្ធនារីទីក្រុងកឹងធើគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងទូលំទូលាយនូវកម្មវិធីជាច្រើនស្តីពីការងារសុខុមាលភាពសង្គមដែលមានអត្ថន័យជាក់ស្តែង។ សកម្មភាពទាំងនេះ បានរួមចំណែកជួយគិតគូរទាន់ពេលវេលាដល់សមាជិកាដែលជួបការលំបាក ព្រមទាំងរួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅភូមិភាគ។

សំណង់និងផ្នែកការងារនានា ដើម្បីសហគមន៍របស់សមាគមសហព័ន្ធនារីទីក្រុងកឹងធើគ្រប់លំដាប់ថ្នាក់ បានរួមចំណែកធ្វើឱ្យសាយភាយស្មារតីជួយគ្នាទៅវិញទៅមក។
ផ្សារភ្ជាប់ការអនុវត្តចលនានារីជាមួយនឹងគោលការណ៍ គោលនយោបាយអំពីសុខុមាលភាពសង្គម សមាគមនារីទីក្រុងកឹងធើគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ជាពិសេសលើការកៀរគរប្រភពធនធាន ដើម្បីគិតគូរដល់ជីវភាពរបស់សមាជិកា នារី កុមារ និងគ្រួសារដែលមានស្ថានភាពលំបាក។ ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦ ទូទាំងទីក្រុងបានអនុវត្តសម្រេចគម្រោងចំនួន ៤៩៣ និងផ្នែកការងារជាង ១.៤១០ ដោយសរុបទឹកប្រាក់ជិត ៩២ ពាន់លានដុង។ លទ្ធផលនេះ បានបង្ហាញពីភាពម្ចាស់ការរបស់អង្គការសមាគមក្នុងការធ្វើឱ្យជាក់ស្ដែងនូវគោលការណ៍ និងគោលនយោបាយទៅជាសកម្មភាពជាក់ស្តែង ឆ្ពោះដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាជន។ ក្នុងនោះ សមាគមគ្រប់លំដាប់ថ្នាក់បានចលនានិងជូនអំណោយជាង ៦៧.៤៨០ ចំណែកដល់សមាជិកា នារី កុមារ និងប្រជាជនដែលស្ថិតក្នុងគ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារដែលជួបការលំបាក សរុបតម្លៃទឹកប្រាក់ជាង ៤៣ ពាន់លានដុង។ សកម្មភាពទាំងនេះ បានអនុវត្តដោយរូបភាពផ្សេងៗ សមស្របនឹងតម្រូវការជាក់ស្តែង រួមចំណែកចែករំលែកការលំបាក និងលើកទឹកចិត្តប្រជាជនឱ្យខិតខំប្រឹងប្រែងឈានឡើងក្នុងជីវភាព។
ទន្ទឹមនឹងការយកចិត្តទុកដាក់ដល់ជីវភាពប្រចាំថ្ងៃ សមាគមគ្រប់លំដាប់ថ្នាក់ក៏បានយកចិត្តទុកដាក់ ជួយឧបត្ថម្ភសាងសង់លំនៅឋានដល់គ្រួសារដែលនៅជួបការលំបាក។ ក្នុងរយៈពេល៩ ខែ សមាគមបាន សាងសង់និងជួសជុលផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គីចំនួន ១២៨ ខ្នង។ ផ្ទះដែលបានសាងសង់និងជួសជុលរួច មិនត្រឹមតែជួយឱ្យគ្រួសារទាំងនេះមានលំនៅឋានស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងបានបង្កជាកម្លាំងចិត្តបន្ថែម ដើម្បីឱ្យពួកគាត់លំនឹងចិត្តពលកម្មផលិត ព្រមទាំងកែលម្អជីវភាពរស់នៅរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ បណ្តាសកម្មភាពដើម្បីសហគមន៍ ក៏បានផ្សារភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី ការការពារបរិស្ថាន និងការកែលម្អលក្ខណៈធ្វើដំណើររបស់ប្រជាជន។ សមាគមគ្រប់លំដាប់ថ្នាក់បានបើកការដ្ឋានសាងសង់ស្ពានជនបទ ២៥ កន្លែង បង្កើនកម្រិតផ្លូវថ្នល់និងស្ពានមួយចំនួន ព្រមទាំងដាំដើមឈើបានជាង ៣៦៩.២២០ ដើម ដោយចំណាយថវិកាជិត ៤៩ ពាន់លានដុង។ សំណង់និងផ្នែកការងារទាំងនេះ បានរួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពល្អប្រសើរ កែលម្អទិដ្ឋភាពជនបទ ព្រមទាំងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់កម្មាភិបាលនិងសមាជិកាក្នុងការចូលរួមកសាងភូមិភាគ។ ទន្ទឹមនឹងការជួយឧបត្ថម្ភដល់គ្រួសារក្រីក្រ សមាគមសហព័ន្ធនារីទីក្រុងកឹងធើ បានយកចិត្តទុកដាក់គិតគូរដល់កុមារ ពិសេសគឺសិស្សានុសិស្សដែលមានស្ថានភាពលំបាក ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យប្អូនៗបានបន្តការសិក្សា។ ចូលរួមគាំទ្រកម្មវិធី "រួមដំណើរជាមួយកូនៗទៅសាលារៀន" ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ សមាគមបានដាក់ចេញនូវសកម្មភាពជួយឧបត្ថម្ភក្នុងការសិក្សាចំនួន ១០០ និងសៀវភៅសរសេរចំនួន ១០.០០០ ក្បាល។ ជាមួយគ្នានេះ សមាគមគ្រប់លំដាប់ថ្នាក់ក៏បានជូនអំណោយជាង ៧.២៧០ ចំណែក និងអាហារូបករណ៍ដល់សិស្សានុសិស្សជាង ១.០៨០ នាក់ ដោយតម្លៃសរុបជាង ២,២ ពាន់លានដុង។

សមាគមសហព័ន្ធនារីឃុំឡាយហ្វា អនុវត្តកម្មវិធី "ម្តាយធម៌" ឆ្នាំ២០២៦។
នៅតាមមូលដ្ឋាន សកម្មភាពថែទាំនិងជួយឧបត្ថម្ភ បានអនុវត្តជាក់ស្តែងតាមរយៈទម្រង់ជិតស្និទ្ធ មានប្រសិទ្ធភាព សមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែងរបស់ភូមិភាគ។ លោកស្រី វ៉ាំងធីអាញ់ហុង ប្រធានសមាគមសហព័ន្ធនារីឃុំឡាយហ្វា ឱ្យដឹង៖ "ដោយប្រកាន់ខ្ជាប់នូវចលនាប្រឡងប្រណាំង និងសកម្មភាពសុខុមាលភាពសង្គមរបស់សមាគមថ្នាក់លើ សមាគមសហព័ន្ធនារីឃុំបានម្ចាស់ការសហការជាមួយអង្គភាពនិងអង្គការមហាជននានា ចលនាប្រភពធនធានឧបត្ថម្ភដល់សមាជិកា នារីនិងកុមារដែលមានស្ថានភាពលំបាក។ សមាគមបានសហការចាត់តាំង "ផ្សារណាត់ពិសេស" ចំនួន ៥ លើក ដោយជូនអំណោយ ៣០០ ចំណែក សរុបតម្លៃ ១៣៨ លានដុង។ ទន្ទឹមនឹងនោះ សមាគមក៏បានចលនាទទួលគាំពារដល់កុមារកំព្រាចំនួន ៧ នាក់ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ជូនអំណោយ ២២ ចំណែក សរុបតម្លៃ ២៦,៣ លានដុង។ សមាគមក៏បានសហ ការចុះពិនិត្យនិងវាយតម្លៃផ្ទះ ២៦ ខ្នង ដែលត្រូវការជំនួយ ព្រមទាំងបំពេញបែបបទសម្រាប់ការសាងសង់ផ្ទះ ២០ ខ្នង ជូនដល់គ្រួសារក្រីក្រ និងគ្រួសារក្បែរក្រ"។
តាមប្រសាសន៍លោកស្រី ង្វៀងធីធ្វីលិញ ប្រធានសមាគមសហព័ន្ធនារីទីក្រុងកឹងធើ បានឱ្យដឹងថា លទ្ធផលដែលសម្រេចបាននាពេលកន្លង បានបង្ហាញពីស្មារតីទទួលខុសត្រូវនិងភាពម្ចាស់ការរបស់សមាគមគ្រប់លំដាប់ថ្នាក់ក្នុងការយកចិត្តទុកដាក់ថែទាំ និងជួយឧបត្ថម្ភដល់សមាជិកា នារី និងប្រជាជនដែលមានស្ថានភាពលំបាក។ ក្នុងរយៈពេលខាងមុខ សមាគមនឹងបន្តផ្លាស់ថ្មីខ្លឹមសារនិងវិធីសាស្ត្រសកម្មភាព ពង្រឹងកិច្ចសហការជាមួយអង្គភាពនានា និងបង្កើនការកៀរគរប្រភពធនធានក្នុងសង្គម ព្រមទាំងបន្តរក្សានិងពង្រីកទម្រង់ដែលមានប្រសិទ្ធភាព។ ជាមួយគ្នានេះ សមាគមនឹងយកចិត្តទុកដាក់ជួយគាំទ្រនារីអភិវឌ្ឍសេដ្ឋកិច្ច គិតគូរដល់កុមារនិងកសាងគ្រួសារសម្បូរសប្បាយ ជឿនលឿននិងសុភមង្គល។
ជាមួយនឹងសំណង់និងផ្នែកការងារជាក់ស្តែងទាំងនេះ សមាគមសហព័ន្ធនារីទីក្រុងកឹងធើគ្រប់លំដាប់ថ្នាក់ បន្តបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងការតភ្ជាប់ កៀរគរប្រភពធនធាននិងរួមដំណើរជាមួយសមាជិកា នារី និងប្រជាជនដែលមានស្ថានភាពលំបាក។ ឆ្លងតាមរយៈនោះ រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយសុខុមាលភាពសង្គម លើកកម្ពស់គុណភាពជីវភាពនិងកសាងសហគមន៍ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព៕
ហុងទើ - ពេជ្រសឿន


Ý kiến bạn đọc